ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃសៅរ៍ទី ៣០វេលាម៉ោង ៧ព្រឹក ខែមេសា ឆ្នាំ២០១៦ បានធ្វើដំណើរតាមរថភ្លើង ជាលើកដំបូង បន្ទាប់ពីដាក់ឲ្យប្រើប្រាស់សាកល្បង ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ កន្លងទៅនេះ។ការធ្វើដំណើរនេះ ធ្វើដំណើរឆ្ពោះកាន់ ខេត្តព្រះសីហនុ។សវតារឿង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានសរសេរបញ្ជាក់ថា ការដាក់ឲ្យដំណើរការឡើងវិញ នូវបណ្ដាញផ្លូវដែកកម្ពុជា ដោយមានការជួយ ពីប្រទេសអូស្រ្តាលី ធនាគារអភិវឌ្ឍន៍អាស៊ី និងការចូលមកវិនិយោគ របស់ក្រុមហ៊ុន Toll Royal Railway និងបានក្លាយទៅជាប្រវត្តិសាស្រ្តថ្មី ក្រោយពេលខ្សែរថភ្លើង បានគាំងសកម្មភាពជាង ៣០ឆ្នាំកន្លងមកនេះ ។នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេចបានសរសេរថា “ការចេញដំណើរផ្លូវរថភ្លើងនេះ បានក្លាយទៅជាប្រវត្តិសាស្រ្តថ្មី ក្រោយពេលខ្សែរថភ្លើង បានគាំងសកម្មភាពជាង ៣០ឆ្នាំមកនេះ។ការរស់ឡើងវិញ របស់ផ្លូវដែកនេះ បានធ្វើឡើងក្រោយពេល ដែលមានការជួយ ពីប្រទេសអូស្រ្តាលីធនាគារអភិវឌ្ឍន៍អាស៊ី និងការចូលមកវិនិយោគ របស់ក្រុមហ៊ុន Toll Royal Railway” ។ សម្ដេចបានបញ្ជាក់ថា “ផ្លូវដែកកម្ពុជាចាប់ ផ្តើមដំណើរការ ក្រៅពីកំណាត់ផ្លូវដែក ភ្នំពេញ-កំពត ផ្លូវដែកពី ភ្នំពេញ-សិរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ ភ្ជាប់ទៅប្រទេសថៃ ក៏ត្រូវបានជួសជុលស្តារ ឡើងវិញផងដែរ។ ការស្តារឡើងវិញនូវ បណ្តាញផ្លូវដែកកម្ពុជានេះ ដើម្បីជំរុញការ ដឹកជញ្ជូនគ្រប់រូបភាព និងសមាហរណកម្មផ្ទៃក្នុង ជាពិសេសដើម្បីធ្វើ សមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្ដាញផ្លូវដែកកម្ពុជា ទៅក្នុងគម្រោងផ្លូវដែកតំបន់អាស៊ាន” ។ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើអោយវិស័យ គមនាគមន៍កម្ពុជា មានការវិវត្តល្អ ប្រសើរឡើងជាលំដាប់ ដើម្បីបំរើតំរូវការរបស់ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងពាណិជ្ជករគ្រប់ទីកន្លែង។ ដោយសារសន្តិភាព ទើបយើងមានឱកាស កសាងប្រទេសជាតិអោយបាន រីកចម្រើនទៅមុខបែបនេះ៕