ព្រះសីហនុ៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងទីបញ្ជាការជួរមុខ បានត្រៀមតាមគោលដៅមួយចំនួន ក្នុងតំបន់ឆ្នេរ ចេញការពារ រក្សាសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈកំពុងសំណេះសំណាល ជាមួយកម្មករ កម្មការិនី បុគ្គលិកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឱកាសអបអរសារទរខួបលើកទី១៣០នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។បើតាម ឧត្តមនាវីត្រី សៅ ចាន់ មេបញ្ជាការរងទីបញ្ជាការជួរមុខ បានឲ្យដឹងថា ក្រោម ការបញ្ជាផ្ទាល់ពី ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កម្លាំងជំនាញចំនួន២០រូប អូប័រចំនួន០២គ្រឿង បានឈរជើងនៅតាមគោលដៅ ចេញរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនី បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
[youtube id =”cM5vPvrVjws”]